Choose Language:   kh | en
Press Agriculture Center
ធនាគារ​អភិវឌ្ឍន៍​ជនបទ​កម្ពុជា បំផុស​ចលនា​ «មួយ​គ្រួសារ ទិញ​អង្ករ​ខ្មែរ​មួយ​បាវ រួម​គ្នា​ជួយ​កសិករ​ខ្មែរ»

យ៉ាងហោច​ណាស់អង្ករ​សែន​ក្រអូបជាង២១០ តោន ត្រូវ​បាន​បញ្ជា​ទិញ​ពី​ក្រុមហ៊ុន​ស្រូវនិង​ធនាគារ​ស្រូវ នៅ​ថ្ងៃ​អង្គារ​នេះ ដើម្បី​ឆ្លើយ​តប នឹង​ការ​អំពាវនាវ​របស់​ធនាគារ​អភិវឌ្ឍន៍​ជនបទ បំផុស​ចលនា​ «មួយ​គ្រួសារ ទិញ​អង្ករ​ខ្មែរ​មួយ​បាវ រួម​គ្នា​ជួយ​កសិករ​ខ្មែរ»។ វិធានការណ៍​នេះ គឺ​បន្ថែម​លើ​ការ​បញ្ចេញ​ថវិកា ២៧​លាន​ដុល្លារ​សហរដ្ឋអាមេរិក របស់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ជំរុញ​ការ​ទិញ​ស្រូវ​ក្រអូប​ក្នុង​ស្រុក ដែល​កំពុង​ធ្លាក់​ថ្លៃ។ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ថ្លែង​ថា ត្បិត​ជា​កញ្ចប់​ទុន​តូច​មួយ​មែន តែ​វា​អាច​មាន​ឥទ្ធិពល​ធំ អាស្រ័យ​លើ​យន្តការ និង​ការ​ចូលរួម​ពី​ពលរដ្ឋ​ទូទាំង​ប្រទេស​។ សម្រាប់​អ្នក​វិភាគ​សេដ្ឋកិច្ច អន្តរាគមន៍​ភ្លាម​ៗ​នេះ ជា​ចំណាត់​ការ​ល្អ តែ​មិន​ទាន់​អាច​ជួយ​បាន​ច្រើន​ទេ បើ​ធៀប​នឹង​តម្រូ​វការ​លក់​ស្រូវ​របស់​ពលរដ្ឋ​ខ្មែរ​។

លោក ចាន់ សុផល អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ ថ្លែងថា អន្តរាគមន៍​របស់​រដ្ឋ​ក្នុង​ការ​ឧបត្ថម្ភ​ធន​ទិញ​ស្រូវ និង​ការ​អំពាវនាវ​អោយ​ពលរដ្ឋ​ខ្មែរ​ទិញ​អង្ករ​ខ្មែរ​ ជួយ​កសិករ​ខ្មែរ អាច​ឆ្លើយ​តប​នឹង​តម្លៃ​ស្រូវ​ធ្លាក់​ចុះ​បាន​ខ្លះ ព្រោះ​ការ​ប្រមូល​ផល​ស្រូវ​នៅ​កន្លះ​រដូវ​នេះ​មិន​សូវ​ទំហំ​ធំ​ទេ ពោល​គឺ​មាន​ប្រមាណ​ជិត ៤០ម៉ឺនតោន ប៉ុណ្ណោះ​។ បើ​តាម អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​រូប​នេះ តម្លៃ​ស្រូវ​ធ្លាក់​ថ្លៃ​ ដោយសារ​ការ​ប្រមូល​ផល​ស្រូវ​ខុស​រដូវ ហើយ​ត្រូវ​ភ្លៀង​ច្រើន ទើប​រោង​ម៉ាស៊ីន​ស្រូវ ដែល​គ្មាន​ម៉ាស៊ីន​សម្ងួរ ក៏​មិន​ហ៊ាន​ទិញ​ដែរ។

អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក ហ៊ុន ឡាក់ បញ្ជាក់​ថា​ការ​ចេញ​ថវិកា​រដ្ឋ តាម​រយៈ​ធនាគារ​អភិវឌ្ឍន៍​ជនបទ ជា​កញ្ចប់​ទុន​តូច​មួយ​មែន តែ​វា​អាច​មាន​ឥទ្ធិពល​កម្រិត​ណា អាស្រ័យ​លើ​យន្តការ​ទម្លាក់​ថវិកា និង​ដៃគូ​រោង​ម៉ាស៊ីន​អាច​ទិញ​ឡ​សម្ងួត​ទាន់​ពេល​វេលា។ តាម​ផែនការណ៍​របស់​រដ្ឋាភិបាល ថវិកា​ទាំង​នោះ នឹង​ទម្លាក់​ទៅ​ រោង​ម៉ាស៊ីន​កិន​ស្រូវ ដែល​មាន​ឃ្លាំង និង​ឡ​សម្ងួត ហើយ​ម្ចាស់​ម៉ាស៊ីន ត្រូវ​ទៅ​ទិញ​ស្រូវ​ពី​កសិករ នៅ​តម្លៃ​មិន​ទាប​ជាង ៨០០​រៀល ​ក្នុង​មួយ​គីឡូក្រាម។
 
គួរ​រំលឹ​កថា កាល​ពី​ថ្ងៃ​ទី​១៥ កញ្ញា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ បាន​ប្រកាស ឧបត្ថម្ភ​ធន​សមមូល​ចំនួន ២៧​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដើម្បី​ជំរុញ​ការ​ទិញ​ស្រូវ​ក្នុង​ស្រុក ដោយ​អនុញ្ញាត​ឲ្យ​ធនាគារ​អភិវឌ្ឍន៍​ជនបទ ជា​ប្រតិបត្តិករ អនុវត្ត​គម្រោង​នេះ។ ការ​អនុវត្ត​កម្មវិធី​នេះ រដ្ឋាភិបាល​កម្ពុជា អាច​ជំរុញ​ប្រមូល​ទិញ​ស្រូវ​បាន ៩ម៉ឺនតោន ក្នុង​តម្លៃ​លើស​ពី​ ៩៤​ម៉ឺន​រៀល ក្នុង​មួយ​តោន ស្រូវ​សែន​ក្រអូប។
 
លោក ចាន់ សុផល អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ មាន​កង្វល់​ថា រដូវ​ស្រូវ​ធំ គឺ​នៅ​ខែ​វិច្ឆិកា ខែ​ធ្នូ ចុង​ឆ្នាំ ឯ​នោះ​ទេ ព្រោះ​អាច​មាន​អ្នក​លក់​ស្រូវ ប្រមាណ ២​លាន​តោន ឬ​(មួយ​តោន ២៥០ដុល្លារ) ស្មើ​នឹង ៥០០​លាន​ដុល្លារ។ ការ​បញ្ចេញ​ទឹកប្រាក់ ២៧លាន ដុល្លារ របស់​រដ្ឋាភិបាល ក៏​តិច​តួច​ដែរ បើ​ប្រៀប​នឹង​ទំហំ​ស្រូវ ដែល​កសិករ ផលិត​មួយ​ឆ្នាំ​ជាង ៩​លាន​តោន (សរុប​ទាំង បីរដូវ)។ លោក​បន្ថែម​ថា ជា​រៀងរាល់​ឆ្នាំ កម្ពុជា​គ្មាន​ថវិកា​ទិញ​ស្រូវ​ទេ ឯ​អ្នក​ទិញ គឺ​ឈ្នួល​នៅ​ប្រទេស​ជិត​ខាង ដែល​ទិញ​ទៅ​សម្ងួត និង​កិន ដើម្បី​យក​ចំណេញ។ ដូច្នេះ អន្តរាគមន៍​ភ្លាម​ៗ​មិន​ទាន់​អាច​មាន​ប្រសិទ្ធិភាព​ទេ​ ខណៈ​នៅ​លើ​ទីផ្សារ​អន្តរជាតិ ឈ្នួល​ជា​អ្នក​កំណត់​តម្លៃ។
 
លោក ហ៊ុន ឡាក់ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ថ្លែង​ថា ប្រសិន​បើ​មាន សណ្ឋាគារ និង​ពលរដ្ឋ​ទូទាំង​ប្រទេស ងាក​មក​ប្រើ អង្ករ​ក្រអូប​ខ្មែរ ផលិត​ពី​កសិករ​កម្ពុជា ដែល​កំពុង​ប្រមូល​ផល ពិត​ជា អាច​ជួយ​បាន មួយ​ចំនួន​ធំ។ លោក​ក៏ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ ទប់ស្កាត់​លំហូរ​អង្ករ ដែល​មិន​បង់ពន្ធ មិន​ត្រូវ​ការ​ពី​ក្រៅ​ប្រទេស​ ដើម្បី​ជៀសវាង​ការ​ប្រជែង​មិន​យុត្តិធម៌។
 
គួរ​ជម្រាប​ថា បន្ទាប់​ពី​ការ​អំពាវនាវ​របស់​ធនាគារ​អភិវឌ្ឍន៍​ជនបទ ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជួយ​ទិញ​អង្ករ​ខ្មែរ «មួយ​គ្រួសារ ទិញ​អង្ករ​ខ្មែរ​មួយ​បាវ រួម​គ្នា​ជួយ​កសិករ​ខ្មែរ» យ៉ាង​ហោច​ណាស់ អង្ករ​សែន​ក្រអូប​ចំនួន ២១០​តោន ត្រូវ​បាន​បញ្ជារ​ទិញ​ដោយ​មន្រ្តី​រាជរដ្ឋាភិបាល​ ពាណិជ្ជករ​ និង​ក្រុម​ហ៊ុនឯ​កជន​នៅ​មួយ​ថ្ងៃ​បន្ទាប់។ នៅ​ថ្ងៃ​ទី​២០ កញ្ញា លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ក៏​បាន​អំពាវនាវ ដល់​មន្រ្តី​រាជរដ្ឋាភិបាល​ ពាណិជ្ជករ​ និង​ក្រុមហ៊ុន​ឯកជន​ ជួយ​ទទួល​ទិញ​ស្រូវ​ប្រជាពលរដ្ឋ ដោយ​ចាត់​ទុក​ថា នេះ​ជា​សកម្មភាព​ចូលរួម​ចំណែក​ដ៏​សំខាន់ ក្នុង​ការ​ជួយ​ដល់​កសិករ​យើង។ បើ​តាម​លោក​នាយក​រដ្ឋ​មន្រ្តី​ កម្ពុជា​ត្រូវ​ការ​ថវិកា ៣០០​លាន​ដុល្លារ ពី​ប្រទេស​ចិន ដើម្បី​កសាង​រោង​ម៉ាស៊ិន​កិន​ស្រូវ ឡសម្ងួត ឃ្លាំង​ស្តុក និង​ជាទុន​សម្រាប់​ទិញ​ស្រូវ៕

Sourc: RFA 

Other Press